ភិក្ខុ ឌិន សុឃា ហៅ នុច មុនី កើតនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ១៩៧៩ នៅភូមិ ឈើទាលជ្រុំ ឃុំ គោល ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ ។ ដោយពុំបានរៀនសូត្រនឹងគេ ព្រោះសាលារៀននៅឆ្ងាយដាច់ស្រយ៉ាលហើយនៅមានសង្គ្រាមប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាលរដ្ឋកម្ពុជា និងកងទ័ពត្រីភាគីស្ទើររាល់ថ្ងៃទៀតផងនោះធ្វើឲ្យក្មេង
នេះបានត្រឹមតែមើលក្របីប៉ុណ្ណោះ រហូតដល់អាយុ១៨ឆ្នាំ ។
ក្រោយមកឪពុកក៏ទទួលអនិច្ចកម្ម ពេលនោះអ្នកម្តាយបានយកទៅផ្ញើរប្រគេនព្រះសង្ឃ
ក្រោយមកឪពុកក៏ទទួលអនិច្ចកម្ម ពេលនោះអ្នកម្តាយបានយកទៅផ្ញើរប្រគេនព្រះសង្ឃ
ឲ្យជួយបង្ហាត់បង្រៀនទាំងអក្សរសាស្ត្រនិងធម៌អាថ៌អស់រយៈពេល១ឆ្នាំអាចចេះអានចេះសរសេរអក្សរ លេខនព្វន្តនិងចាំធម៏អាថ៌ខ្លះៗ ទើបលោកគ្រូ ឆែម ឆុង សុំច្បាប់អនុញ្ញាតពី
អាជ្ញាធរមូលដ្ឋានដើម្បីបំបួសក្មេង នុច មុនី នេះតែម្ដងទៅ ។ ពេលបួសរួចហើយនៅសិក្សារៀនសូត្រអក្សរសាស្ត្រនិងធម៌អាថ៌ជាមួយលោកគ្រូបន្តទៀតអស់រយៈពេល៣ឆ្នាំ ។ ក្រោយមកសាមណេរ នុច មុនី បានសុំការអនុញ្ញាតពីលោកគ្រូ
ចៅអធិការវត្តព្រះនាម ប្រាក់ ធុន និងញោមមកសិក្សាធម្មវិន័យ ដោយមានប្អូនជីដូនមួយ
ឈ្មោះ ម៉ឺន ម៉ោ ហៅ ម៉ឺន មុនិត្យនាំមកឲ្យនៅរៀនវត្ត កំពង់ថ្ម ដោយស្នាក់អាស្រ័យនឹង
លោកគ្រូចេងសូត្រ នាឆ្នាំ១៩៩៦។ ក្នុងឆ្នាំ ១៩៩៨ បានប្រឡងធម្មវិន័យជាប់ជាស្ថាពរ
ហើយបានមកបន្តការសិក្សាភាសាបាលីនៅពុទ្ធិកបឋមសិក្សាវត្ត តាំងក្រសាំង ឃុំ
តាំងក្រសាំង ស្រុក សន្ទុក ខេត្ត កំពង់ធំ។ សិក្សាភាសាបាលីបានគម្រប់រយៈពេល៣ឆ្នាំ
(១៩៩៨-២០០០)បានទៅដាក់ដឺម៉ង់ប្រឡងបាលីរងនៅខេត្ត កំពង់ចាម។ ចេះមិនដល់ឆ្ងល់មិនកើតត្រូវធ្លាក់មួយឆ្នាំ។ ក្នុងឆ្នាំ ២០០១ មន្ទីរធម្មការនិងកិច្ចការសាសនា
ខេត្តកំពង់ធំ បានបើកការប្រលងបាលីរងនៅ វត្ត ស្រយ៉ូវ ឃុំ ស្រយ៉ូវ ស្រុក ស្ទឹងសែន ខេត្ត កំពង់ធំ ហើយក៏បានចូលរួមប្រឡងនឹងគេរហូតដល់បានជាប់វិញ្ញាបនប័ត្រពុទ្ធិកបឋម
សិក្សាដោយជោគជ័យ។ក្នុងឆ្នាំ ២០០១ នេះពុំបានប្រឡងចូលពុទ្ធិកវិទ្យាល័យទេ គឺត្រូវបាន
ខកខានមួយឆ្នាំទៀត។ លុះដល់ឆ្នាំ ២០០២ ទើបបងប្អូនជីដូនមួយនាំមកដាក់ពាក្យប្រឡង
ចូលរៀននៅពុទ្ធិកវិទ្យាល័យខេមររង្សី ខេត្ត កំពង់ឆ្នាំង បានជាប់ជាស្ថាពរ ។ ជាអកុសលក្រោយពេលប្រឡងបានជាប់ហើយពុំមានកន្លែងស្នាក់នៅដើម្បីរៀនសូត្រទៀត ខំដើរស្វះស្វែងរកសុំវត្តស្នាក់ក្នុងក្រុងកំពង់ឆ្នាំងអស់វត្តមួយជាពីរ ពីរជាបី នៅតែពុំបានលទ្ធផលល្អសោះ វត្ត ខេមវ័ន ហៅ ខ្សាម ក៏មិនបាន វត្ត កាសេមរតនារាម ហៅ ធម្មយុត្តិ ក៏ពុំឲ្យទើបទៅរកមន្ត្រីនៅមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តឲ្យជួយ។កាលនោះ លោក អឹម ឈុនលី ជាប្រធានមន្ទីរបានបញ្ជូនមកឲ្យគង់ស្នាក់នៅ អាស្រម ត្រពាំងបី ឬអាស្រម សោណ្ឌ្យារាម នេះ។ ពេលនោះ ភិក្ខុ គង់ ឈុនហៀង ដែលគង់នៅទីនោះស្រាប់ក៏
ទទួលឲ្យស្នាក់នៅជាមួយលោក ។ សូមបញ្ជាក់ថា អាស្រមត្រពាំងបីនេះកាលនោះ
ជាសាលាបុណ្យនៅឡើយទេ ដោយការខិតខំរបស់ពុទ្ធបរិស័ទនៅភូមិ ត្រពាំងបីដែលយក
ចិត្តទុកដាក់មានជំនឿលើព្រះសង្ឃ បានរៀបចំឲ្យមានអាចារ្យគណៈកម្មការទ្រទ្រង់
តាមបែបព្រះពុទ្ធសាសនា ក៏ចាប់ផ្ដើមធ្វើកុដិ២ខ្នងជាបណ្ដោះអាសន្នដែលសង់ឡើង
ពីបង្គោលរាំង ពីងពង់ ប្រក់ស្លឹកត្នោត និងសង្កសី។ រហូតដល់ឆ្នាំ ២០០៣ - ២០០៤ ធ្វើកុដិស្លឹករបៀបដដែលម្ដងទៀត គ្រានោះមានព្រះសង្ឃ៧ ព្រះអង្គរស់នៅជាមួយ ភិក្ខុ គង់ ឈុនហៀង យ៉ាងលំបាកជាអានេកប្បការ ។ ក្នុងឆ្នាំ ២០០៤ ព្រះភិក្ខុ គង់ ឈុនហៀង បាននិមន្តទៅគង់នៅវត្ត ខេមវ័ន ហៅ ខ្សាម ក្រុង កំពង់ឆ្នាំង បានតែងតាំង ភិក្ខុ នុច មុនី ឲ្យមើលការងារ និងគ្រប់គ្រងបន្តដែលមានព្រះសង្ឃមកសុំគង់នៅសិក្សាជាបន្តបន្ទាប់ដោយ ព្រះមហាថេរ ចក់ សំបឿន បានឲ្យទទួលយកព្រះសង្ឃដែលសុំស្នាក់នៅដើម្បីសិក្សា ។ ឆ្នាំ ២០០៥ ភិក្ខុ នុច មុនី បាននាំភិក្ខុសាមណេរ និងពុទ្ធបរិស័ទមួយចំនួនទៅបិណ្ឌបាតឈើ
នៅស្រុក សំឡូត ខេត្ត បាត់ដំបង តាមរយៈវត្ត តាសាញ់។ ពេលនោះដែរនៅអាស្រមត្រពាំង
បីឯណេះវិញគឺមានភាពរញេរញ៉ៃដោយមានការចោទប្រកាន់ពីគណៈកម្មការ
និងអាចារ្យ ថា ភិក្ខុ នុច មុនី យកបច្ច័យនាំពុទ្ធបរិស័ទទៅដើរលេងឥតប្រយោជន៍ ។ ពេលដឹកឈើមកដល់ទើបរកការពិតឃើញ។ នេះជារឿងរ៉ាវអភ័ព្វរបស់ភិក្ខុ នុច មុនី ទៅរៀនផងឆ្លៀតធ្វើកុដិផង។ ក្នុងអំឡុងឆ្នាំ ២០០៥ ព្រះមហាថេរ ចក់ សំបឿន បានដឹក
នាំធ្វើច្បាប់បង្កើតអាស្រម ដើម្បីឲ្យត្រូវតាមច្បាប់ ពុទ្ធចក្រផង និងអាណាចក្រផងដើម្បី ឲ្យមានការទទួលស្គាល់ជាផ្លូវការក្នុងក្របខ័ណ្ឌនិងសាសនា និងក្នុងសង្គម។ ប៉ុន្មានឆ្នាំដែលបានរៀបរាប់ខាងលើនេះបានទិញដីមួយកន្លែងដើម្បីធ្វើផ្លូវចូលអាស្រម មានប្រវែង ទទឹង៩ម៉ែត បណ្ដោយ៥៥ម៉ែត អស់ទឹកប្រាក់ចំនួន ៤៦០០ដុល្លា និង៥០ម៉ែតពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងផ្លូវរួមមាន បណ្ដោយ១០៥ម៉ែត និងទទឹង៩ម៉ែត និងចាក់ដីធ្វើផ្លូវអស់ ១៣០០ឡាន ពង្រីកទីទួលពីដីលិចទឹកបាន ៧០៧ឡាន ព្រមទាំងបានទិញសំភារៈប្រើប្រាស់មួយចំនួនផងដែរ ។ ក្នុងឆ្នាំ ២០០៦ - ២០០៧ ទើបកសាងហើយកុដិមួយខ្នងដែលមានប្រវែង ទទឹង៦ម៉ បណ្ដោយ១៦ម៉។ រយៈពេល៨ឆ្នាំកន្លងមកនេះមានភាពរកាំរកូសរវាង អាចារ្យ គណៈកម្មការនឹងព្រះសង្ឃ
ក៏ច្រើន ប៉ុន្តែការខិតខំរបស់ពុទ្ធបរិស័ទ ភិក្ខុ សាមណេរ និងការដឹកនាំតស៊ូព្យាយាមរបស់
ភិក្ខុអង្គនេះ បានសម្រេចជាស្ថាពរ និងការគាំទ្រពី ពុទ្ធបរិស័ទ ដែលឃើញភាពជាក់ស្ដែង ។ ឯការសិក្សាក៏នៅតែបន្តដោយបានឆ្លងកាត់ដំណាក់កាលអន្តរកាលជាច្រើនពីពុទ្ធិកអនុវិទ្យាល័យ ដល់ពុទ្ធិកវិទ្យាល័យ និងបច្ចុប្បន្នកំពុងសារណាបញ្ចប់បរិញ្ញាបត្រនៅពុទ្ធិក
សាកលវិទ្យាល័យព្រះសីហនុរាជក្នុងមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ជំនាន់ទី១ ឆ្នាំទី៤ សព្វថ្ងៃនេះ ។
No comments:
Post a Comment